» WCS ទើបរកឃើញសម្បុកសត្វត្រយងនៅដែនជម្រកសត្វព្រៃកែវសីមា

ថ្ងៃ ច័ន្ទ ទី ០៥ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៧:០៤ នាទី » ដោយៈ​ សុគន្ធ

កាលពីសប្តាហ៍កន្លងទៅ ក្រុមស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS បានប្រទះឃើញសម្បុកសត្វត្រយងយក្សថ្មីមួយសម្បុក ខណៈដែលពួកគេកំពុងធ្វើដំណើរក្នុងព្រៃដោយយកម៉ាស៊ីនថតសត្វស្វ័យប្រវត្តិទៅតម្លើងនៅភាគខាងជើងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីអង្កេតតាមដានវត្តមានសត្វរមាំង។ 
សម្បុកនោះទំនងជាសត្វត្រយងបានធ្វើប្រហែលមួយសប្តាហ៍កន្លងមកហើយ។ អង្គការ WCS ឲ្យដឹងថា ការរកឃើញសម្បុកសត្វត្រយងនាពេលនេះ ជាការរកឃើញលើកដំបូងក្នុងរដូវពងកូនឆ្នាំ ២០២១ ដែលចាប់ផ្តើមពីខែមិថុនា រហូតដល់ខែតុលា។ នេះគឺជាឆ្នាំទី៥ហើយដែលក្រុមការងារបានរកឃើញសម្បុកសត្វត្រយងយក្សនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ បច្ចុប្បន្ន ក្រុមការងារកំពុងធ្វើការជាមួយក្រុមអ្នកការពារសម្បុកសហគមន៍ដើម្បីយាមការពារសម្បុកនោះ និងបន្តស្វែងរកមើលសម្បុកផ្សេងទៀត។
ត្រយងយក្ស ជាប្រភេទពូជសត្វស្លាបកម្រមួយ ដែលវត្តមានតែប៉ុន្មានរយក្បាលប៉ុណ្ណោះនៅកម្ពុជា។ ដើម្បីអភិរក្សសត្វដ៏កម្រមួយនេះ ក្រសួងបរិស្ថាន សហការជាមួយអង្គការ WCS ក្នុងការផលិតស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ។ បច្ចុប្បន្នគម្រោងបានអនុវត្តនៅក្នុងខេត្ត ចំនួន ៤ រួមមានព្រះវិហារ ស្ទឹងត្រែង រតនៈគិរី និងមណ្ឌលគិរី ដែលមានសមាជិកសរុប ២០០០ គ្រួសារ។ 
សមាជិកសហគមន៍ដែលផលិតស្រូវនេះត្រូវគោរពតាមលក្ខខណ្ឌមិត្តភាពសង្រ្គោះសត្វព្រៃ រួមមានការមិនបរបាញ់ ជួញដូរ និងបរិភោគសត្វព្រៃ ការមិនប្រើប្រាស់ និងជួញដូរផលិតផលព្រៃឈើ ការកាប់ទ្រ្ទានដីព្រៃខុសច្បាប់ និងការមិនប្រើប្រាស់សារធាតុគីមីគ្រប់ប្រភេទ។ អនុវត្តតាមនេះ ក្រុមហ៊ុនឯកភាពប្រមូលទិញស្រូវផលិតបានក្នុងតម្លៃ ៤០% ខ្ពស់ជាងទីផ្សារ ដើម្បីកិននិងវិចខ្ចប់ចូលទីផ្សារក្នុងស្រុក និងនាំចេញទៅប្រទេសក្រៅ។
ស្រូវក្រោយកិនរួច ត្រូវបានវិចខ្ចប់ដោយដាក់ឈ្មោះថា អាយប៊ីសរ៉ាស (Ibis rice អង្ករត្រយងយក្ស) ជាអង្ករសិរីរាង្គ។ ក្រៅពីការលក់នៅក្នុងស្រុក ផលិតផលអាយប៊ីសរ៉ាយ ក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះមាន សហភាពអឺរ៉ុប សហរដ្ឋអាមេរិច កាណាដា សិង្ហបុរី និងហុងកុង។ គម្រោងស្រូវនេះ បានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន៕

» ដោយៈ​ សុគន្ធ

» អត្តបទដែលទាក់ទង៖

WCS៖ ទទួលទានអណ្តើកមេគង្គ បំផ្លាញពូជសត្វជិតផុតពូជនិងប្រឈមជំងឺដល់សុខភាព

WCS៖ ទទួលទានអណ្តើកមេគង្គ បំផ្លាញពូជសត្វជិតផុតពូជនិងប្រឈមជំងឺដល់សុខភាព

ថ្ងៃ ច័ន្ទ ទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១៣:៥៦ នាទី ,[ ៧ ខែ កន្លងទៅ ]

អណ្តើកស្រែមេគង្គមានលក្ខណៈសម្រាប់តំបន់ទន្លេមេគង្គ... [អានបន្ថែម]