» គម្រោងទទួល ភ្ញៀវទេសចរ ចាក់វ៉ាក់សាំងរួចនៅចុងឆ្នាំ២០២១ ដំណើរទៅមុខ

ថ្ងៃ ពុធ ទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១៧:២៣ នាទី » ដោយៈ​ សុគន្ធ

ក្រុមការងារក្រសួងទេសចរណ៍និងក្រសួងសុខាភិបាល បានជួបពិភាក្សាគ្នាបន្ត អំពីការកែសម្រួលឯកសារទស្សនាទានកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩។ នេះជាលើកទី២ហើយ ដែលអ្នកជំនាញនៃក្រសួងទាំងពីរកែសម្រួលជាមួយគ្នា ដើម្បីជំរុញឲ្យឯកសារនេះមានភាពល្អប្រសើរឡើង ខណៈដែលកម្ពុជាគ្រោងបើកទទួលអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សំាងហើយនៅចុងឆ្នាំ២០២១នេះ។


ឯកសារទស្សនាទានកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩ ជាឯកសារគោលដែលក្រសួងទេសចរណ៍កំពុងរៀបចំឡើង ដើម្បីបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងហើយ។ កិច្ចពិភាក្សារវាងក្រុមជំនាញនៃក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល គឺដើម្បីប្រាកដថា ឯកសារនេះមានភាពគ្រប់ជ្រុងជ្រោយក្នុងការធានានូវសុវត្ថិភាពទេសចរ និងប្រជាពលរដ្ឋពីការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការបើកឲ្យមានទេសចរណ៍ឡើងវិញ។


បើតាមមន្រ្តីបានបញ្ចាក់ថា ការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩ តាមវិធានសុវត្ថិភាពដែលជាធាតុចូលពីក្រសួងសុខាភិបាល គឺបានតម្រូវឱ្យក្រុមហ៊ុនទេសចរណ៍ដែលបានទទួលភ្ញៀវទាំងអស់ផ្តល់ព័ត៌មានលំអិតអំពីភ្ញៀវទេសចរ ដើម្បីឱ្យក្រសួងធ្វើការវាយតម្លៃពីហានិភ័យឆ្លងកូវីដ១៩ បើទោះជាពួកគេទទួលបានវ៉ាក់សាំងហើយក្តី។ លើសពីនេះ ក៏មានការកំណត់ជើងហោះហើរត្រង់មកកម្ពុជា និងការធ្វើតេស្តភា្លមៗរកវីរុសកូវីដ១៩ផងដែរ។ 
ក្រោយកិច្ចប្រជុំ លោក សុខ សង្វារ បញ្ជាក់ថា កិច្ចពិភាក្សានេះទទួលបានលទ្ធផលល្អច្រើន ដោយក្រុមការងារនៃក្រសួងទាំងពីរ គឺក្រសួងទេសចរណ៍ដឹកនាំដោយលោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយ លោក ឈី ហុង អនុរដ្ឋលេខាក្រសួងសុខាភិបាល បានផ្តល់យោបល់លើចំណុចសំខាន់ៗមួយចំនួន ដើម្បីជាធាតុចូលក្នុងឯកសារ។ ទោះជាយ៉ាងណា មានចំណុចធំៗមួយចំនួនទៀត ដែលទាមទារការពិនិត្យ និងសម្រេចពីគណៈកម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ មុននឹងស្នើការអនុម័តចុងក្រោយពីប្រមុខរាជរដ្ឋាភិបាលលើឯកសារនេះ។
សូមរម្លឹកជូនថា កាល២០២០កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណតែ១,៣១លាននាក់ប៉ុណ្ណោះ គឺបានថយចុះប្រមាណ៨០%  បើធៀបនឹងឆ្នាំ២០១៩។ ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិនេះ បានធ្វើឱ្យឧស្សាហកម្មទេសចរណ៍កម្ពុជាបាត់បង់ចំណូលជាង៣ពាន់លានដុល្លារ៕

» ដោយៈ​ សុគន្ធ

» អត្តបទដែលទាក់ទង៖

ម្អូបខ្មែរជាសក្តានុពលសម្រាប់ទាក់ទាញភ្ញៀវទេសចរ

ម្អូបខ្មែរជាសក្តានុពលសម្រាប់ទាក់ទាញភ្ញៀវទេសចរ

ថ្ងៃ សុក្រ ទី ២៨ ខែ ឩសភា ឆ្នាំ ២០២១ ម៉ោង ១១:១០ នាទី ,[ ៨ ខែ កន្លងទៅ ]

 “ការលើកកម្ពស់កិត្តិនាមទេសចរណ៍កម្ពុជា តាមរយៈរសជាតិ... [អានបន្ថែម]