» អ្នកស្រី ចេង សុភាព ចេញធ្វើជំនួញក្រោយស្គាល់រស់ជាតិអ្នកក្រ

ថ្ងៃ អង្គារ ទី ១៦ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ១៦:០៧ នាទី » ដោយៈ​ រិទ្ធី

អ្នកស្រី ចេង សុភាព ម្ចាស់សហគ្រាសកីតម្បាញខ្មែរ KTK  ជាអ្នកជំនួញស្រ្តីហើយនៅវ័យក្មេងម្នាក់ ដែលកំពុងលេចធ្លោនៅភ្នំពេញ។ គាត់មិនត្រឹមជោគជ័យនៅ​ក្នុងអាជីពមួយដែលខ្លួនចូលចិត្តនោះទេ គាត់បានចែករំលែកទ្រឹស្តីជីវិតនិងការធ្វើជំនួញដល់អ្នកផ្សេងទៀតពិសេសនារីភេទ។សារព័ត៌មានញូផេន សូមលើក​យកបទពិសោធន៍និងទេពកោសល្យរបស់អ្នកស្រីមកជម្រាបជូនលោកអ្នក ក្រែងអាចជាចំណេះដឹងមួយផ្នែកសម្រាប់តម្រង់ទិសជីវិតបាន។ 
ដំណើរជីវិតពីកុមារ


ជាកូនអ្នកនេសាទនៅខេត្តព្រះសីហនុជាប់សមុទ្រ កុមារភាពរបស់អ្នកស្រី ចេន សុភាព បានឆ្លងកាត់គ្រប់រស់ជាតិជីវិត ។ ជាកុមារីដែលមានឳពុកជាអ្នកចុះទូកនេសាទក្នុងសមុទ្រ ហើយអ្នកម្តាយជាអ្នកលក់ត្រីសមុទ្រនោះ អ្នកស្រី ចេន សុភាព ដែលជាកូនច្បងមានបងប្អូន ៦នាក់ មិនគិតតែរៀនមួយមុខនោះឡើយ ។ «ខ្ញុំតែងតែជួយលក់ដូរម្តាយជាប្រចាំ ។ ចំណែកការងារផ្ទះខ្ញុំចេះធ្វើគ្រប់សព្វ ខ្ញុំរែកទឹក ដាំស្ល ហើយពេលទៅរៀនតាំងពីបឋមសិក្សារហូតដល់មហាវិទ្យាល័យខ្ញុំមិនដែលមានកង់ជិះទេ ។ ខ្ញុំដើររហូត» ។


គ្រួសារក្រ ប៉ុន្តែកាន់តែលំបាកនៅពេលឪពុកធ្លាក់ខ្លួនឈឺ ប្រកបការងារប្រចាំថ្ងៃមិនកើត ។ កាលនោះនៅអំឡុងពេលដែលគាត់រៀននៅបឋមសិក្សា ។ «បើខ្ញុំគ្មានម្តាយដែល​ជាអ្នកស្រឡាញ់ការសិក្សាដែលគាត់បានលើកទឹកចិត្តណែនាំខ្ញុំឲ្យរៀនសូត្រជានិច្ចនោះទេ ម្លេះខ្ញុំបានឈប់រៀនបាត់ហើយ ។ ដោយសារតែជីវភាពគ្រួសារលំបាកពេក ជំពាក់បំណុលគេ ខ្ញុំមានបំណងចង់ឈប់រៀនច្រើនដងណាស់ ប៉ុន្តែអ្នកម្តាយមិនឲ្យឈប់» ។ អ្នកស្រី ចេន សុភាព ឲ្យដឹង ។


«កូនត្រូវរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ហើយកុំធ្វើជាស្ត្រីដែលពឹងតែលើកម្លាំងរបស់ស្វាមី» ទាំងនេះជាសម្តីរបស់អ្នកម្តាយរបស់ស្ត្រី ចេន សុភាព ដែលតែងតែអប់រំណែនាំដល់គាត់ជាប្រចាំ ។ ដោយសារតែការទូន្មានទាំងនេះ អ្នកស្រី ចេន សុភាព បានខិតខំតសូរៀនទោះបីស្ថិតនៅក្នុងស្ថានភាពក្រីក្រក្តី ។

កុមារភាពរបស់គាត់ជាសិស្សរៀនពូកែបើទោះបីជារៀនផងធ្វើការងារផ្ទះផង ។នៅឆ្នាំ ១៩៩៧ គាត់បានរៀនចប់បាក់ឌុប ។ ប៉ុន្តែដល់ឆ្នាំ ១៩៩៨ ទើបគាត់មានឱកាសចូលរៀននៅឧត្តមសិក្សាដោយសារស្ថានភាពស្រុកទេសក្នុងឆ្នាំ ១៩៩៧ មានការប្រយុទ្ធគ្នានៅកណ្តាលក្រុងភ្នំពេញ ។ នៅឆ្នាំ ១៩៩៨ អ្នកស្រី ចេន សុភាព បានប្រឡងជាប់សាលាពេទ្យនៅភូមិភាគខេត្តកំពត ប៉ុន្តែមែនទែនទៅគាត់មិនស្រឡាញ់អាជីពគ្រូពេទ្យនោះទេ ។ គាត់រៀនពេទ្យតាមការចិត្តអ្នកម្តាយ ។ អ្នកស្រី ចេន សុភាព ស្រឡាញ់កាងារមេធាវី និង ជំនួញ ។


ក្រោយពីបានបញ្ចប់ការសិក្សានៅសាលាពេទ្យក្នុងខេត្តកំពត អ្នកស្រី ចេន សុភាព បានប្រលូកក្នុងការងារដោយបានចូលធ្វើការតាមអង្គការក្រៅរដ្ឋាភិបាលអស់រយៈពេលច្រើនឆ្នាំ ។ ដូចការបញ្ជាក់របស់គាត់ពីដើមអ៊ីចឹង ថាការចូលរៀននៅសាលាពេទ្យមិនមែនជាក្តីស្រឡាញ់របស់គាត់នោះឡើយ ។ គាត់រៀនពេទ្យតាមសំណូមពររបស់អ្នកម្តាយគាត់ប៉ុណ្ណោះ ។ ដូច្នេះនៅពេលរៀនចប់អ្នកស្រីមិនបានប្រកបវិជ្ជាជីវៈជាគ្រូពេទ្យនោះឡើយ ។ «ចាប់ពីឆ្នាំ ២០០២ មក ខ្ញុំធ្វើការនៅអង្គការរហូតដល់ឆ្នាំ ២០១៣ ។ ខ្ញុំធ្វើការងារនៅអង្គការឃែរ កាកបាទក្រហមបារាំង អង្គការសុខភាពគ្មានព្រំដែន និងអង្គការជនពិការអន្តរជាតិ ។ ខ្ញុំធ្វើការជាមួយស្ថាប័នបម្រើសេវាសុខភាពពលរដ្ឋ ប៉ុន្តែខ្ញុំមិនបានទៅធ្វើគ្រូពេទ្យចាក់ថ្នាំ ព្យាបាលអ្នកជំងឺនោះទេ ។ ខ្ញុំគ្មានចំណូលចិត្តដើម្បីក្លាយជាគ្រូពេទ្យនោះឡើយ» ។ ស្ត្រីដែលតែងតែស្លៀកស៊ឹងខ្មែរ បានបញ្ជាក់ដោយស្មាមញញឹម ។


រកស៊ីដោយខ្លួនឯងដោយសារមិនចង់ក្រ
ក្រោយសម្រាកពីការងារបានមួយឆ្នាំក្នុងឆ្នាំ ២០១៤ ។ ឆ្នាំ ២០១៥ អ្នកស្រី ចេន សុភាពបានផ្តើមបើកសហគ្រាសកីតម្បាញខ្មែរ KTK ឡើង ។ ផ្តើមរកស៊ីដោយសារអ្នកស្រីចង់ស្លៀកសំពត់ស៊ឹង ប៉ុន្តែគេនិយាយថា ស៊ឹឡាវ ស៊ឹងថៃ ។ គាត់បានដាក់ជាសំណួរខ្លួនឯងថា ចុះខ្មែរមានស៊ឹងដែរ ហេតុអ្វីបានជាគេមិននិយមប្រើ ? ហេតុអីមានឈ្មោះតែរបស់បរទេសបែបនេះ ? ។


នៅពេលមានការនិយមប្រើប្រាស់ស៊ឹងបរទេសបែបនេះ សិប្បកម្មតម្បាញខ្មែរក៏ហាក់បាត់បង់ផងដែរ ។ បើតាមអ្នកស្រី ចេន សុភាពថា គាត់បានដឹងថា ស្ត្រីអ្នកតម្បាញជាច្រើនបានបោះបង់កីត្បាញ ហើយនាំគ្នាធ្វើចំណាកស្រុកចោលកូន ចោលផ្ទះទៅប្រកបការងារផ្សេងដោយសារផលិតផលខ្មែរមិនមានតម្រូវការ ។ ក្រៅពីការស្រឡាញចូលចិត្តសម្លៀកបំពាក់ខ្មែរ គាត់នៅមានកម្លាំងចិត្តខ្លាំងមួយទៀត ដែលជំរុញឲ្យធ្វើជំនួញនោះ គឺគាត់ចង់មានចង់បាន ។ និយាយទាំងសំណើច អ្នកស្រី ចេន សុភាព បញ្ជាក់ថា គាត់បានស្គាល់ច្បាស់រស់ជាតិជាអ្នកក្រ ។ ក្រលំបាកណាស់ ដូច្នេះគាត់មិនចង់ក្រទេ ។

ម្ចាស់សិប្បកម្មកីតម្លាញខ្មែរបានបញ្ជាក់ថា «ម្តាយខ្ញុំតែងតែលើកទឹកចិត្តឲ្យខ្ញុំរៀនដើម្បីមានលទ្ធភាពកសាងជីវភាពកុំឲ្យក្រលំបាកដូចគាត់ ។ ដំបូន្មានរបស់គាត់ បូកជាមួយ​ទឹកចិត្តរបស់ខ្ញុំដែលមិនចង់ក្រផងនោះបានជំរុញឲ្យខ្ញុំធ្វើអាជីវកម្ម ។ ម្យ៉ាងទៀតខ្ញុំជាមនុស្សចូលចិត្តជួយគេ ខ្ញុំយល់ថា ជួយគេបានលុះត្រាតែយើងមានខ្លួនឯងសិន» ជាមួយហេតុ ផលប៉ុន្មានបីបួននេះ អាជីវកម្មតូចមួយបានបើកដំណើរដោយគ្មានឧសបគ្គឡើយ ។ «ខ្ញុំនិងមិត្តភក្កិបានធ្វើដំណើរទៅដល់តំបន់កោះឧកញ៉ាតី ដែលមានពលរដ្ឋត្បាញតាំងពីដើមមក ។ នៅទីនោះ ខ្ញុំឃើញពលរដ្ឋទុកកីតម្បាញចោល មិនដំណើរការដោយសារអត់មានតម្រូវការទីផ្សារ ។ ខ្ញុំដើរមើលតាមផ្ទះ សួរពួកគាត់ថា បើមានទីផ្សារទិញគាត់ត្បាញវិញទេ ។ ពលរដ្ឋវបានឆ្លើយថា នឹងត្បាញឲ្យតែមានអ្នកទិញ» ។


នៅពេលទទួលបានការគាំទ្របែបនេះ អ្នកស្ត្រីបានផ្នែកវិនិយោគលើរបរ ដែលអាចរក្សាអត្តសញ្ញាណជាតិផងនោះ ។ ដើមទុនចំនួនតែ ៣៥០ដុល្លារ ប៉ុណ្ណោះដែលគាត់បានទម្លាក់​ដើម្បីធ្វើជំនួញ​មួយនេះ ប៉ុន្តែគាត់មានការតាំងចិត្ត និងធ្វើវាដោយការស្រឡាញ់ ។ ពីដំបូងមានស្ត្រីជាអ្នកតម្បាញតែ ១០នាក់ប៉ុណ្ណោះ សហការជាមួយគាត់ ។ អ្នកតម្បាញមិនមែនជាអ្នកធ្វើការឲ្យអ្នកស្រីទេ ប៉ុន្តែពួកគាត់ហាក់ជាដៃគូវិនិយោគជាមួយគ្នា ។ អ្នកស្រីជាអ្នកលក់ផលិតផលតម្បាញ ចំណែកអ្នកស្រុកជាអ្នកត្បាញផ្គត់ផ្គង់ ។ ដោយសារទីផ្សារចេះតែរីកធំឡើងជាលំដាប់ ពលរដ្ឋពិសេសស្ត្រីបានគាំទ្រកាន់ច្រើនពេលនេះ ដៃគូតម្បាញអ្នកស្រីបានរីកពី ១០នាក់មកដល់ជាង ៣០០នាក់ហើយ ។


យុវជនគួររៀនឲ្យច្រើនហើយស្វែងរកបទពិសោធន៍ការងារ
សហគ្រិនវ័យ ៣៩ឆ្នាំរូបនេះ ចាត់ទុកការធ្វើអាជីវកម្ម ដូចជាការ​ចិញ្ចឹមកូន​អ៊ីចឹង ព្រោះបើមិនមើលថែដិតដល់ទេនោះ វានឹងឈឺច្រើន ហើយរយៈពេល ៥ ឬ ៦ឆ្នាំមកនេះ អ្នកស្រី សុភាព តែងតែប្រុងប្រយ័ត្នជានិច្ច ។ ទោះបីជាផលិតផលតម្បាញខ្មែរ មិនសូវមានលក់លើទីផ្សារទូលំទូលាយ ដូចជាផលិតផលបរទេសក៏ពិតមែន ប៉ុន្តែអ្នកស្រី សុភាព យល់ថា ការមិនសូវមានលក់លើទីផ្សារច្រើននេះ មិនមែនដោយសារតែអតិថិជនមិនគាំទ្រនោះទេ ប៉ុន្តែដោយសារអ្នកលក់ មិនផ្សព្វផ្សាយ និងផ្ដល់ទំនុកចិត្តដល់អតិថិជន ។ ដូចនេះ អ្នកស្រីជឿជាក់ថា ការធ្វើទីផ្សារត្រូវស្គាល់ពីអតិថិជនគោលដៅច្បាស់ ផលិតផលមានគុណភាព នោះអតិថិជន និងបែរចិត្តគាំទ្រស្នាដៃផលិតផលខ្មែរ ។ «ខ្ញុំដើរទៅរកអតិថិជន មិនមែនអតិថិជន មករកខ្ញុំទេ ។ គឺយើងជាអ្នករកស៊ី យើងទៅរកភ្ញៀវមុន ព្រោះយើងដឹងភ្ញៀវ យើងជាអ្នកណាគេ ។ អុីចឹង ខ្ញុំទៅរកអ្នកដែលស្គាល់ៗហ្នឹង ឱ្យដឹងថា ខ្ញុំចាប់ផ្ដើមរកស៊ីអាហ្នឹងហើយ ឱ្យគាត់ចាប់ផ្ដើមសាកផលិតផលយើង នោះមនុស្ស នឹងចាប់ផ្ដើមស្គាល់ (ផលិតផល)» ។


ទោះទីផ្សារនៅតូចលក់ផលិតបានតិចតែអ្នកស្រី ចេន សុភាព បានកសាងកេរ្តិ៍ឈ្មោះ ក្នុងវិស័យជំនួញក្នុងជំនាញនេះ ។ អ្នកស្រីតែងតែចែករំលែកបទពិសោធន៍​ក្នុងនាមជាស្ត្រីក្លាយជាអ្នកជំនួញទៅមនុស្សដទៃពិសេសស្ត្រី ។ ពីអ្នកតម្បាញជាដៃគូដែលមានត្រឹម ១០នាក់ពីដំបូងពេលនេះសមាជិកបានពង្រីកដល់ជាង ៣០០នាក់ ។
«ខ្ញុំរីករាយដែលបានជួយពួកគាត់ ឲ្យបើកកីតម្បាញឡើងវិញក្រោយពីបានគ្របទុក ។ ពួកគាត់មានទីផ្សារទទួលទិញផលិតផលតម្បាញ មានប្រាក់ចំណូលចិញ្ចឹម​គ្រួសារមិនបាច់ធ្វើចំណាកស្រុកទៀតទេ ហើយយើងអាចរក្សាបាននៃប្រពៃណីការងាររបស់ពលរដ្ឋយើងទៀត» អ្នកស្រី ចេន សុភាព បញ្ជាក់ថា នេះជាផ្នែកមួយនៃ​ភាពជោគជ័យនៅក្នុងជំនួញរបស់គាត់ ទោះប្បីសិប្បកម្មមួយនេះនៅមានលក្ខណៈតូចក្តី ។


អ្នកស្រី ចេន សុភាព បានផ្តាំផ្ញើ ដល់យុវជន យុវជនពិសេសយុវតីថា ត្រូវតែមានឆន្ទះនិងការតស៊ូ ខិតខំសិក្សា ខំអភិវឌ្ឍន៍ខ្លួន ឲ្យមានជំនាញពិតប្រាកដ ។ មានចំណេះជំនាញហើយ បើមិនទាន់មានបទពិសោធន៍ទេត្រូវតែស្ម័គ្រចេញធ្វើការងារ កុំគិតពីប្រាក់ចំណូលសំខាន់រកចំណេះជំនាញ និងបទពិសោធន៍ដាក់ខ្លួន ។ សម្រាប់ជំនួញសំពត់ស៊ឹង អ្នកស្រី ចេន សុភាព មានមហិច្ឆតានាំសំពត់ អាវ ធ្វើពីស៊ឹងខ្មែរ និងផាមួងខ្មែរទៅលក់នៅទីផ្សារអន្តរជាតិ ។ មែនទែនទៅគាត់បានសន្យាជាមួយពាណិជ្ជករអន្តរជាតិហើយថា គាត់នឹងនាំសិប្បកម្មខ្មែរមួយនេះឲ្យបរទេសបានប្រើប្រាស់ ៕

» ដោយៈ​ រិទ្ធី

» អត្តបទដែលទាក់ទង៖

អ្នកស្រីម៉ម សុម៉ាលី យកថ្ងៃខូបកំណើតប្រកាសរកថវិកាជួយក្មេងស្រី រងគ្រោះពីការរំលោភ

អ្នកស្រីម៉ម សុម៉ាលី យកថ្ងៃខូបកំណើតប្រកាសរកថវិកាជួយក្មេងស្រី រងគ្រោះពីការរំលោភ

ថ្ងៃ សុក្រ ទី ២៦ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ១៦:៤០ នាទី ,[ ១០ ខែ កន្លងទៅ ]

សកម្មជនល្បីល្បាញលើការងារជួយកុមារីនិងស្រ្តីរងគ្រោះពីការរំលោភនិងជួញដូរនៅប្រទេសកម្ពុជា... [អានបន្ថែម]

លោកស្រី ចក់ សុភាព៖ការបៀតបៀនកុមារតាមអ៊ិនធឺណែតមានដល់ការលេងប្រដាប់ភេទ

លោកស្រី ចក់ សុភាព៖ការបៀតបៀនកុមារតាមអ៊ិនធឺណែតមានដល់ការលេងប្រដាប់ភេទ

ថ្ងៃ ព្រហស្បត្តិ៏ ទី ១១ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ១១:០៩ នាទី ,[ ១០ ខែ កន្លងទៅ ]

នៅពេលកម្ពុជាដាក់ឲ្យមានការសិក្សាតាមអនឡាញ ក្នុងកំលុងពេលជំងឺកូវីដ១៩រាតត្បាតនេះ... [អានបន្ថែម]