» ទិវាអូឡាំពិក៖ កីឡាការិនីជម្រើសជាតិកម្ពុជាសរុបចំនួន ១០០នាក់ នឹងចូលរួម

ថ្ងៃ ពុធ ទី ១៦ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១០:៣៧ នាទី » ដោយៈ​ សុគន្ធ

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានត្រៀមរៀបចំ «ទិវាអូឡាំពិក» នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។ ទិវាអូឡាំពិក គឺជាព្រឹត្តិការណ៍ ប្រចាំឆ្នាំ ដែលគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដែលជាសមាជិកពេញសិទ្ធិ របស់គណៈកម្មាធិការអូឡាំពិក អន្តរជាតិ តែងតែប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ។ នៅរៀងរាល់ឆ្នាំ អូឡាំពិកអន្តរជាតិ តែងតែដាក់ចេញឲ្យ បណ្តាប្រទេសនានា នៅលើពិភពលោក រៀបចំទិវា អូឡាំពិកពិភពលោក នៅក្នុងខែមិថុនា ក្នុងគោលបំណងផ្សព្វផ្សាយ ក្រើនរំឭកនូវចលនាអូឡាំពិក ដាស់ស្មារតី មនុស្សជាតិនៅលើ ពិភពលោក ឲ្យបានស្គាល់ពី គុណតម្លៃអូឡាំពិក គុណតម្លៃនៃជីវិត សកម្មភាពកីឡា។


ទោះរៀបចំតាមអនឡាញ តាមការគ្រោងទុក នឹងមានកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាសរុបចំនួន១០០នាក់ នឹងចូលរួមក្នុងកម្មវិធីនេះ ក្នុងនោះមានក្រុមជម្រើសជាតិប្រដាល់សកល ទ្រីយ៉ាត្លុង ទោចក្រយាន ហុកគី កាយសម្ព័ន្ធ ហែលទឹក អត្តពលកម្ម ខណៈភ្ញៀវប្រចាំកម្មវិធី គឺកីឡាការិនី ស៊ន សៀវម៉ី និងកីឡាការិនី ហែម ថុនវិទិនី។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC គូសបញ្ជាក់កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ថា នៅក្នុងការរំឭកគុណនៃទិវាអូឡាំពិកនេះ NOCC នឹងប្រារព្ធពិធីដ៏ពិសេសមួយ នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ដែលមិនអាចប្រមូលផ្តុំគ្នាបាន ហើយអូឡាំពិកអន្តរជាតិ ក៏ធ្លាប់បានណែនាំឲ្យបណ្តាប្រទេសនានាជុំវិញពិភពលោក ឲ្យធ្វើដូចៗគ្នា ដូចជាការរួបរួមគ្នាហាត់ប្រាណ ដើម្បីឈ្នះជំងឺកូវីដ-១៩។ ដូច្នេះ មានន័យថា ទិវាអូឡាំពិកនេះ នឹងបំផុសឲ្យកីឡាករ កីឡាការិនី បានរស់នៅដោយសកម្ម ធ្វើសកម្មភាពឲ្យបានខ្លាំងក្លា ក្នុងបរិបថថ្មី ដែលមិនអាចធ្វើទំនាក់ទំនងបានល្អប្រសើរក្នុងសង្គម ដូចកាលពីពេលមុនបាន។


លោក  វ៉ាត់ ចំរើនបានបញ្ជាក់ដូច្នេះ «ដូច្នេះ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងប្រមែលប្រមូល អត្តពលិកអូឡាំពិកកម្ពុជា ដែលធ្លាប់បានចូលរួមប្រកួតកីឡាអូឡាំពិក នឹងបង្ហាញខ្លួននៅក្នុងកម្មវិធី «ទិវាអូឡាំពិក» ដើម្បីណែនាំអំពីរបៀបរបបនៃការធ្វើលំហាត់ប្រាណ ជូនដល់ប្រជាពលរដ្ឋ យុវជននានា ឲ្យយល់ដឹង និងចូលរួមប្រកបដោយសុខភាព។ អ៊ីចឹង យើងនឹងរួមគ្នាហាត់ប្រាណតាមប្រព័ន្ធអនឡាញ នៅតាមផ្ទះរៀងៗខ្លួន ដើម្បីទទួលបាននូវឱកាសផ្លាស់ប្តូរអារម្មណ៍ជាមួយគ្នារវាងប្រជាជន យុវជន និងកីឡាករ កីឡាការិនីអូឡាំពិក នៅក្នុងសង្គមរបស់យើង ដើម្បីបញ្ជ្រាបអំពីគុណតម្លៃ អត្ថប្រយោជន៍អូឡាំពិក សម្រាប់វិស័យអប់រំកាយ និងកីឡារបស់យើង»៕

» ដោយៈ​ សុគន្ធ

» អត្តបទដែលទាក់ទង៖

ក្រសួងអប់រំជ្រើសរើសគ្រូឧត្តមសិក្សា ១ ១០០នាក់

ក្រសួងអប់រំជ្រើសរើសគ្រូឧត្តមសិក្សា ១ ១០០នាក់

ថ្ងៃ ពុធ ទី ២៦ ខែ ឩសភា ឆ្នាំ ២០២១ ម៉ោង ១៤:៤៥ នាទី ,[ ៨ ខែ កន្លងទៅ ]

ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសជ្រើសរើស និងបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតឧត្ដម... [អានបន្ថែម]