» ឧបករណ៍ដាំគ្រាប់ស្រូវជាជួរ ស្នាដៃកូនខ្មែរបានកាត់បន្ថយកំលាំងពលកម្មនិងថវិកាដាំដុះ

ថ្ងៃ ព្រហស្បត្តិ៏ ទី ០៨ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១១:២៩ នាទី » ដោយៈ​ រិទ្ធី

សមាគមកសិកម្មឈ្លាសវៃ (Agri Smart Association) ដែលត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ២០១៥ តាមរយៈការគាំទ្រថវិកាដោយ Brooklyn Bridge to Cambodia (BB2C) និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា−អូស្ត្រាលី ហៅកាត់ថា CAVAC បានច្នៃបង្កើតឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Rice Seeder) ដែលជាកម្មសិទ្ធិបញ្ញារបស់កូនខ្មែរ ប្រើសម្រាប់ព្រោះស្រូវជាជួរ ជំនួសកំលាំងពលកម្មមនុស្ស បង្កើនល្បឿនដាំដុះ។


បើតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឧបករណ៍ដាំគ្រាប់ស្រូវជាជួរកាត់បន្ថយបរិមាណគ្រាប់ពូជ ធ្វើឱ្យដំណាំស្រូវដុះលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់ ជា មធ្យមប្រើរយ:ពេល ១ហតក្នុងម៉ោង ត្រូវការពលកម្មមនុស្ស តែ១ឬ២នាក់ ពិសេសជាងនេះ គេអាចប្រើឧបករណ៍នេះភ្ជាប់ជាមួយគោយន្ត ឬត្រាក់ទ័រ ទៅតាមទំហំដី។


បច្ចុប្បន្ន ដោយទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីកសិករ និងដៃគូអភិវឌ្ឍន៍ជាច្រើន សមាគមកសិកម្មឈ្លាសវៃ បាននិងកំពុងកែលម្អឧបករណ៍នេះជាបន្តបន្ទាប់ឱ្យកាន់តែងាយស្រួលប្រើ មានប្រសិទ្ធភាព សុវត្ថិភាពដល់អ្នកប្រើប្រាស់ និងតម្លៃទាបជាងមុន។ 


ឧបករណ៍ដាំគ្រាប់ស្រូវជាជួរ កសិករនៅខេត្តតាកែវមានប្រើប្រាស់ចំនួន ១៣០គ្រឿង ខេត្តពោធិ៍សាត់ចំនួន ៥០គ្រឿង ខេត្តបាត់ ដំបងចំនួន ៥០គ្រឿង និងបន្ទាយមានជ័យចំនួន ៥០គ្រឿង។ ខេត្តខាងលើនេះបានទទួលឧបករណ៍កសិកម្មច្នៃដោយកូនខ្មែរនេះពី សម្តេចនាយករដ្ឋមន្រ្តី ដើម្បីជំរុញល្បឿនស្តារដំណាំស្រូវឡើងវិញបន្ទាប់ពីជំនន់ទឹកភ្លៀង។ នេះតាមការបញ្ជាក់របស់លោកវេង សាខុន។


ក្នុងករណីប្រជាកសិករចង់បញ្ជាទិញឧបករណ៍នេះ អាចធ្វើទំនាក់ទំនង លេខទូរស័ព្ទ 01795 9727 ។ ជាការកត់សម្គាល់ តាមប្រពៃណីជាយូរលង់ ការដាំដុះដំណាំស្រូវរបស់កសិករ​កម្ពុជា​គឺចាប់ផ្តើមពីការត្រាំគ្រាប់ពូជស្រូវ យកទៅសាប បន្ទាប់មកដកសំណាបយកទៅស្ទូង ដោយឡែកនៅតំបន់វាលទំនាបធំល្វឹងល្វើយកសិករភាគច្រើនព្រោះគ្រាប់ពូជស្រូវយកជាការស្រេច ដែលវិធីទាំងពីរនេះចាំបាច់ត្រូវប្រើកំលាំងមនុស្ស ហើយការប្រើពលកម្មមនុស្ស ធ្វើឲ្យខ្សែច្រវាក់ផលិតកម្មដំណាំស្រូវខាតបង់ពេលវេលា ពលកម្មមនុស្ស និងគ្មានប្រសិទ្ធភាពសេដ្ឋកិច្ច។ បច្ចុប្បន្នដោយមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាគ្រឿងយន្តកសិកម្មទំនើបៗទាន់ សម័យបានចូលមកបំពេញតួនាទីជំនួសឲ្យពលកម្មមនុស្ស ធ្វើឲ្យកំលាំងពលកម្មមនុស្សក្នុងវិស័យកសិកម្មបានធ្លាក់ចុះជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ៕

» ដោយៈ​ រិទ្ធី