» ចំថ្ងៃខូបប្រាសាទប្រះវិហារបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក មានព័ត៌មានថាថៃលូចសម្លងរចនាប័ទ្មអង្គរ

ថ្ងៃ ពុធ ទី ០៧ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៤:១៤ នាទី » ដោយៈ​ រិទ្ធី

ថ្ងៃទី៧ ខែកក្កដានេះ ជាខួប១៣ឆ្នាំ ដែលប្រាសាទព្រះវិហារត្រូវបានអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នៅចំថ្ងៃដែលពលរដ្ឋកម្ពុជា     បានកំពុងអបអរសាទរជាមួយសម្បត្តិបេតិកភណ្ឌរបស់ខ្លួននេះ មានដំណឹងពីប្រទេសថៃ ថាកំពុងសាងសង់ប្រាសាទមួយដែលមានរូបរាងដូចប្រាសាទអង្គរវត្ត។ សំណង់ប្រទេសថៃកំពុងសាងសង់ដែលសង្ស័យថាមានចនាប័ទ្មស្ថាបត្យកម្មដូចគ្នានឹងប្រាសាទអង្គរវត្តនោះស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបួឡាយ ឃុំបានស៊ិង ស្រុកណាងរ៉ង ខេត្តបុរីរម្យ។ 


សាធារណជនបានប្រតិកម្មជាច្រើនចំពោះព័ត៌មានដែលថាប្រទេសថៃកំពុងលូចចម្លង រចនាបទអង្គរវត្តនេះហើយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​ក៍បានសិក្សាជ្រាវជ្រាវភ្លាមៗលើករណីនេះ និងបានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៧ កក្កដានេះ ជម្រាបសាធារណជន។ 


យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងវប្បធម៌បានឲ្យដឹងថាស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះស្រាវជ្រាវ និងប្រមូលព័ត៌មានពីករណីនេះ។

នៅក្នុងនោះស្ថានទូតបានបញ្ជាក់ភាគីប្រទេសថៃ បានពន្យល់ខ្លួនថា ការសាងសង់ប្រាសាទនេះ មិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាប័ទ្មស្ថាបត្យកម្មដូចគ្នានឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយ នៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺ ការសាងសង់នោះ គឺគូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។ 


បើតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ភាគីប្រទេសថៃបានបើកចំហរ ដល់មន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជា ចុះទៅពិនិត្យដោយផ្ទាល់បន្ថែមទៀត ក្នុងករណីមានការមន្ទិលសង្ស័យ ។


សូមជម្រាបថានៅថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២១នេះ ជា ខួប១៣ឆ្នាំ ដែលប្រាសាទព្រះវិហារត្រូវបានអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ UNESCO ដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភព​លោករបស់ខ្លួន ដែលរៀបចំកិច្ចប្រជុំនៅទីក្រុងកេបិក ប្រទេសកាណាដា។ នៅក្នុងថ្ងៃនេះគេសង្កេតឃើញពលរដ្ឋខ្មែររាប់ពីពលរដ្ឋសាមញ្ញរហូតដល់ថ្នាក់ដឹកនាំកំពូលៗ ក្រសួងស្ថាប័នរដ្ឋនិងឯកជន បានបង្ហោះសារ អបអរសាទរខូបលើកទី១៣  ដែលប្រាសាទព្រះវិហារត្រូវបានអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្​ឌពិភពលោក។

ប្រាសាព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាស្ថិតនៅលើភ្នំដងរែក មានកម្ពស់ ៦២៥ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រ ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ខាងជើងទីក្រុងព្រះវិហារ និងប្រមាណ២៣០គីឡូម៉ែត្រ ភាគឦសាន នៃក្រុងសៀមរាប និងប្រមាណ៤១៤គីឡូម៉ែត្រ ភាគខាងជើងរាជធានីភ្នំពេញ៕

» ដោយៈ​ រិទ្ធី