» ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ជឿថាសេដ្ឋកិច្ចកម្ពុជាកើនលើស៤% នៅឆ្នាំនេះ

ថ្ងៃ សៅរ៏ ទី ២៩ ខែ ឩសភា ឆ្នាំ ២០២១ ម៉ោង ១៤:៣២ នាទី » ដោយៈ​ រិទ្ធី

មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់(IMF) បានព្យាករថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២១នេះ នឹងកើនឡើងដល់៤,២% និងនៅក្នុង២០២២ នឹងកើនឡើងដល់ទៅ៦%។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) ធ្លាបបានព្យាករហើយថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៤% នៅឆ្នាំនេះ និង ៥,៥% ក្នុងឆ្នាំ ២០២២ខាងមុខ។ 


បើយោងតាម IMF បានរំពឹងថាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១នេះនឹងមានកំណើន៤,២ភាគរយ និង៦ភាគរយនៅក្នុងឆ្នាំ២០២២ខាងមុខ ។ ការព្យាករនិងរំពឹងទុក របស់មូលនិធិរូបិយវត្ថុអន្តរជាតិធ្វើឡើងនៅក្នុងវេទិកាថ្នាក់ដឹកនាំធនាគារកាលពីពេលថ្មីៗនេះ តាមរយៈវីដេអូអនឡាញដោយមានការចូលពីថ្នាក់ដឹកនាំ ធនាគារក្នុងប្រទេសកម្ពុជាជាច្រើនផងដែរ ។ 


លោក Yasuhisa Ojima សេដ្ឋវិទូជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ បានលើកឡើងនៅរបាយការណ៍ថា IMF រំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៤,២ភាគរយនៅឆ្នាំនេះ និង៦ភាគរយនៅឆ្នាំ២០២២ បន្ទាប់ពីការធ្លាក់ចុះ៣,៥ភាគរយនៅឆ្នាំ២០២០ ។ ការព្យាករអំពីកំណើននឹងត្រូវបានពិនិត្យឡើងវិញ ដោយឆ្លុះបញ្ចាំងពីការកើនឡើងនៃ ការឆ្លងវីរុសកូវីដ១៩នាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ។


តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា លោកYasuhisa Ojima  ក៏បានគូសបញ្ជាក់ថា វិស័យហិរញ្ញវត្ថុកម្ពុជាមានស្ថិរភាពដោយសារតែវិធានការណ៍គោល នយោបាយជាមួយនឹងការបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុ រួមមាន ទុនបម្រុងកាតព្វកិច្ចទាប និងការអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញរហូតដល់ដំណាច់ឆ្នាំ២០២១។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ភាពមិនច្បាស់លាស់នៅតែមានចំពោះសេដ្ឋកិច្ច ជាពិសេស ឥណទានទៅលើវិស័យអចលនទ្រព្យ និងសំណង់ ដែលឥណទានខ្លះមិនស្ថិតក្នុងប្រព័ន្ធធនាគារ និងភាពមិនច្បាស់លាស់នៃវិស័យទេសចរណ៍។ 


បើតាមលោក Yasuhisa Ojima  ដរាបណាភាពមិនប្រាកដប្រជានៅតែមាន គោលនយោបាយកម្រិតនៃការរឹតត្បិតនៃការបែងចែកដើមទុនក៏នឹងត្រូវបាន ធានាដោយហេតុផល ប្រុងប្រយ័ត្នបំផុត។កាលពីចុងខែមុននេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថាសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ រំពឹងថានឹងមានកំណើន ៤ភាគរយ និង៥,៥ភាគរយនៅក្នុងឆ្នាំ២០២២ខាងមុខ ។ ការព្យាករត្រូវបានធ្វើឡើងដោយផ្អែកលើរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ក្នុងនោះ ផលិតកម្មឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង៧,១ភាគរយ ក្នុងឆ្នាំ២០២១ និង៧ភាគរយក្នុងឆ្នាំ២០២២ ដោយសារតែការងើបឡើងវិញ នៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើងនិងទំនិញសម្រាប់ធ្វើដំណើរក៏ដូចជាកំណើន នៃឧស្សាហកម្មធនស្រាលផ្សេងទៀត ដូចជាផលិតផលអេឡិចត្រូនិក និងកង់ជាដើម ។ វិស័យកសិកម្មក៏ត្រូវបានរំពឹងថានឹងកើនឡើង១,៣ភាគរយក្នុងឆ្នាំនេះនិង១,២ភាគរយនៅក្នុងឆ្នាំ២០២២ ។


ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានបង្ហាញថា វិស័យសេវាម្មនឹងស្ទុះងើបឡើងវិញក្នុងល្បឿនយឺតៗ ពោលគឺប្រមាណ៣,៣ភាគរយក្នុងឆ្នាំ២០២១ ទៅ៦,២ភាគរយក្នុងឆ្នាំ២០២២ ។ 


រដ្ឋាភិបាលកម្ពុជាវិញបានព្យាករថា  កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ នឹងងើបឡើងវិញក្នុងអត្រាតែ៤%ប៉ុណ្ណោះ។ ក្រសួងសេដ្ឋកិច្ចកម្ពុជាធ្លាប់បានអះអាងថា កំណើនដែលរំពឹង នេះ គឺដោយសារកម្ពុជាបានពង្រីកទីផ្សារថ្មីៗបន្ថែមទៀត តួយ៉ាងដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង កិច្ចព្រមព្រៀង RCEP រួមទាំងការបន្តទទួលភាពអនុគ្រោះពន្ធពាណិជ្ជកម្ម EBA ពីចក្រភពអង់គ្លេស និងការងើបឡើងវិញនៃទីផ្សារសហរដ្ឋអាមេរិកជាដើម។  កាលពីឆ្នាំ២០២០កន្លងទៅ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះក្នុងរង្វង់ -៣,១% ដោយសារវិបត្តិកូវីដ១៩៕

» ដោយៈ​ រិទ្ធី