» អ្នកស្រុកត្រេកអរឆ្នាំនេះផ្លែព្រីងបានថ្លៃ

ថ្ងៃ ព្រហស្បត្តិ៏ ទី ២៧ ខែ ឩសភា ឆ្នាំ ២០២១ ម៉ោង ១៥:៤៨ នាទី » ដោយៈ​ រិទ្ធី

ព្រីងដែលជារុក្ខជាតិងាយដុះមិនបាច់ថែ ដុះនៅក្បែរៗផ្ទះអ្នកស្រុកពេលនេះបានកំពុងឲ្យផលប្រចំាឆ្នាំ។ ពលរដ្ឋអ្នកមានដើមព្រីងជាប់របងផ្ទះបានកំពុងបេះផ្លែព្រីងលក់ ជាផ្នែកមួយបានកម្រៃដោះស្រាយជីវភាព។ 


បើគេធ្វើដំណើរចេញពីភ្នំពេញទៅកាន់បណ្តាខេត្តនានា តាមដងផ្លូវមានលក់ផ្លែព្រីងសឹងគ្រប់  កន្លែង។ អ្នកស្រុកបានដាក់ផ្លែព្រីងទុំ មានពណ៌ខ្មៅរលោងស្រិលនៅក្នុងចង្អេរឬស្សី ឬថាសដែកលើតុ  កៅអី តាមមុខផ្ទះរៀងៗខ្លួន។ អ្នកធ្វើដំណើរឆ្លងកាត់ ចូលចិត្តទទួលទានផ្លែព្រីង បានឈប់រថយន្ត ម៉ូតូ ទិញព្រីងបន្តគ្នាមិនដាច់។


នៅក្នុងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលជាទីដឹកកំពុងមានការអភិវឌ្ឍពលរដ្ឋបានបេះផ្លែព្រីងលក់ដូចអ្នកភូមិតំបន់ដទៃដែរ។ ដូនចាស់ម្នាក់ ដែលជាអ្នកលក់ផ្លែព្រីង និយាយថាឲ្យដឹងថា ឆ្នាំនេះផ្លែព្រីងមានតម្លៃជាងឆ្នាំកន្លងទៅ។ ឆ្នាំនេះព្រីងគ្រាប់តូចអាចលក់បានមួយកំប៉ុង៣ពាន់រៀល។ ចំណែកព្រីងគ្រាប់ធំមួយកំប៉ុងថ្លៃ៥ពាន់រៀល។
“អ៊ំទើបបេះពីដើមមកថ្មីៗ ព្រីងនេះល្អណាស់គ្រាប់ធំ”។ អ្ន៊ំស្រីអ្នកលក់ព្រីងនិយាយទំាងរីករាយ ជាមួយការបញ្ជាក់ថា “លក់ព្រីងគ្រាន់បានប្រាក់យកទៅវត្តធ្វើបុណ្យទាន”។ កាលពីឆ្នាំទៅអ៊ំស្រីថាលក់បានពី១ពាន់ទៅ២ពាន់រៀលប៉ុណ្ណោះក្នុងកំប៉ុង។ 


អ្នកស្រីមុំ អ្នកលក់ស្រុកខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ២ ឲ្យដឹងថាព្រីងមានបីប្រភេទគឺព្រីងដោះក្របី ព្រីងបាយ ព្រីងអួល។ “ខ្ញុំមានដើមព្រីង១០ដើម ព្រីងទំាងនោះខ្ញុំកើតមកឃើញវាដុះនៅក្បែរផ្ទះស្រាប់ ហើយវាតែងតែឲ្យផលរៀងរាល់ឆ្នាំចន្លោះពីខែមេសាទៅខែមិថុនា។ កូនៗខ្ញុំវាឡើងបេះព្រីងហើយ​ខ្ញុំយកមកលក់នៅលើផ្លូវជាតិនេះរាល់ឆ្នាំ។ មួយថ្ងៃខ្ញុំអាចលក់បាន៣ទៅ៥ម៉ឹនរៀលដែរ សម្រាប់ដោះស្រាយជីវភាព”។


ព្រីងមានរស់ជាតិផ្អែមតិចៗ លាយជួរហើយ​អាចល្វីតផង។ ឯកសារខ្លះថាផ្លែព្រីងក៍មានប្រយោជន៍ច្រើនយ៉ាងសម្រាប់សុខភាព៕

» ដោយៈ​ រិទ្ធី